ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 10 Khmer Standard Version (KHSV)

1. បង‌ប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ត ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ពួក​គេ​ដែរ។

2. ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជា‌ម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់​។

3. ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​លោក​ឲ្យ​បាន​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត​នេះ​ទេ។

4. ក្រឹត្យ‌វិន័យ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ដ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។

ការ​សង្គ្រោះ​តាម​រយៈ​ជំនឿ​លើ​ព្រះ‌អម្ចាស់

5. លោក​ម៉ូសេ​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ក្រឹត្យ‌វិន័យ*​ថា: «អ្នក​ណា​ប្រតិបត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»​។

6. ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​បរម‌សុខ?» គឺ​ថា ដើម្បី​នឹង​នាំ​ព្រះ‌គ្រិស្ដ​ចុះ​មក

7. «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?»​ គឺ​ថា ដើម្បី​នាំ​ព្រះ‌គ្រិស្ដ​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក

8. តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ»​។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។

9. ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះ‌ជា‌ម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន

10. ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ

11. ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ណា​ជឿ​លើ​ព្រះ‌អង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ»។

12. ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះ‌អម្ចាស់​តែ​មួយ​ដែល​មាន​ព្រះ‌ហឫទ័យ​ទូលាយ ដល់​អស់​អ្នក​អង្វរ​រក​ព្រះ‌អង្គ

13. ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»​។

14. ក៏​ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?

15. ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!»​។

16. ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា: «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?»​។

17. ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ដ​។

18. ក៏​ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែន‌ដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក»។

19. ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថា: «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងី‌ល្ងើ»​។

20. រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថា: «អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​ច្បាស់»។

21. ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ លោក​បាន​ថ្លែង​ថា: «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជា‌រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់»។