ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 6 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

1. ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល!ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!

2. ភ្នំ​ធំ​ទាំង‌ឡាយ​អើយចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់!គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ!ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់ចោទ​ប្រកាន់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ៖

3. «ប្រជា‌រាស្ត្រ​យើង​អើយ!តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក?តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់?ចូរ​ឆ្លើយ​មក​យើង​មើល៍!

4. តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពីស្រុក​អេស៊ីប​ឬ?តើ​មក​ពី​យើង​បាន​លោះ​អ្នកឲ្យ​រួច​ពី​ទាស‌ភាព​ឬ?តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាមឲ្យ​នាំ​មុខ​អ្នក​ឬ?

5. ប្រជា‌រាស្ត្រ​យើង​អើយចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក!ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាមជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ!បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីមរហូត​ដល់​គីល‌កាល់។អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។

តង្វាយ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ

6. ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ?ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតតើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួបមក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ?

7. តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ទទួលចៀម​ឈ្មោល​រាប់​ពាន់​ក្បាលឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ?តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំដើម្បី​សុំ​ព្រះ‌អង្គ​លើក‌លែង​ទោសឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះ‌អង្គដើម្បី​សុំ​រំដោះ​បាប​ឬ?

8. ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នកឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អនិង​ការ​ណា​ដែល​ព្រះ‌អម្ចាស់សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ធ្វើគឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ស្រឡាញ់​ភាព​ស្មោះ​ត្រង់ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរតាម​មាគ៌ានៃ​ព្រះ​របស់​អ្នក។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ការ​កេង‌ប្រវ័ញ្ច និង​អំពើ​ឃោរ‌ឃៅ

9. ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុងព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាចព្រះ‌នាម​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយចូរ​នាំ​គ្នា​ស្ដាប់!

10. បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិតនិង​មាន​ថាំង​រង្វាល់​តូច​ជ្រុលដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះតើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?

11. តើ​អ្នក​ស្មាន​ថា​យើង​អត់‌អោន​ឲ្យអ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវនិង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?

12. អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅអ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហកនិង​បោក​បញ្ឆោត​គ្នា។

13. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុងរហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ព្រោះ​តែ​អំពើ​បាប​របស់​អ្នកយើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។

14. អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេអ្នក​នឹង​ជួប​ទុរ្ភិក្សអ្នក​ប្រមូល​ស្បៀង​អាហារ​ទុកតែ​ទុក​មិន​ចេះ​គង់។អ្វីៗ​ដែល​អ្នក​ប្រមូល​ទុកយើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។

15. សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេអ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះអ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរតែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។

16. អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរីនិង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មានដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្តអ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុតហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជនរបស់​យើង»។