ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 1 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

ព្រះ‌បន្ទូល​ព្រមាន​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា

2. ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់!ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នាពី​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

3. ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មកព្រះ‌អង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។

4. ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទាហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើងឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។

5. ហេតុ‌ការណ៍​ទាំង​នេះ​កើត​មានព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុបនិង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។តើ​នរណា​នាំ​ឲ្យ​កូន​ចៅរបស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?គឺ​ក្រុង​សាម៉ារី!តើ​នរណា​នាំ​ឲ្យ​យូដា​គោរពព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់?គឺ​ក្រុង​យេរូ‌សាឡឹម!

6. យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរយើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះទម្លាក់​ទៅ​ក្នុង​ជ្រោះហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។

7. រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែកគ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យកមក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។យើង​នឹង​កម្ទេច​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃស្រី​ពេស្យា។

8. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេងខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប

9. ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដានិង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹមជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។

10. កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌អាប្រាឲ្យ​សោះ។

11. អ្នក​ស្រុក​សា‌ភៀរ​អើយចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់អ្នក​រាល់​គ្នា​បាន​ទេ។

12. អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គលដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះមក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។

13. អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនឲ្យ​ប្រព្រឹត្ត​អំពើ​បាបដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែលចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។

14. ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពីប្រជា‌ជន​នៅ​ក្រុង​ម៉ូរ៉ា‌ស៊ីត-‌កាថ។ចំណែក​ឯ​អ្នក​ក្រុង​អាក់‌ស៊ីប​វិញគេ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ខក​ចិត្ត។

15. អ្នក​ស្រុក​ម៉ារី‌សា​អើយព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នកមេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែលនឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

16. អ្នក​ក្រុង​យេរូ‌សាឡឹម​អើយចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នកចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាតដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យកទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។