ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7 Khmer Standard Version (KHSV)

ជ័យ‌ជំនះ​របស់​លោក​គេឌាន​លើ​ជន‌ជាតិ​ម៉ាឌាន

1. លោក​គេឌាន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង‌ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មុខ​ជា​ដណ្ដើម​យក​សិរី‌រុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ‌ជំនះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន

3. ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល​ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់‌ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល​ទ័ព​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​គេឌាន​ទៀត​ថា៖ «កង‌ទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស​រើស​ទ័ព​ឲ្យ​អ្នក គឺ​យើង​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ»។

5. លោក​គេឌាន​ក៏​នាំ​ពល​ទ័ព​ចុះ​ទៅ​មាត់​ស្ទឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ត្រូវ​ញែក​ទាហាន​ដែល​ផឹក​ទឹក​ដូច​ឆ្កែ ចេញ​ពី​ពួក​អ្នក​ដែល​លុត​ជង្គង់​ផឹក»។

6. ពេល​នោះ មាន​មនុស្ស​បី​រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។

8. បន្ទាប់​មក លោក​គេឌាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន លោក​ទុក​តែ​ទាហាន​បី​រយ​នាក់​ឲ្យ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សម្រាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។

9. នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។

10. ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បម្រើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។

11. អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។

12. ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

13. ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។

14. មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។

15. ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

16. លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

17. បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។

18. កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះ‌អម្ចាស់! ជយោ​លោក​គេឌាន!”»។

19. លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។

20. ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។

21. ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។

22. នៅ​ពេល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អេបិល-‌មហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។

23. ជន‌ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេ‌ស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

24. លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រដាន់»។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រដាន់។

25. ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​គេឌាន។