ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 1 Khmer Standard Version (KHSV)

បុរេ‌កថា

ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​ទឹក​ដី​កាណាន

1. ក្រោយ​ពេល​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។

3. កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង‌ប្អូន រួម​ជា​មួយ​បង‌ប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម្មាន​ក៏​រួប‌រួម​នឹង

4. កុល‌សម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះ‌អម្ចាស់​ក៏​ប្រទាន​ឲ្យ​គេ​មាន​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ​ម៉ឺន​នាក់ នៅ​បេសេក។

5. នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-‌បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត។

6. ស្ដេច​អាដូនី-‌បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ទៀត​ផង។

7. ស្ដេច​អាដូនី-‌បេសេក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិត‌សិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-‌បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

8. កុល‌សម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជា‌ជន រួច​ដុត​ក្រុង​នោះ​ចោល។

9. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

10. កុល‌សម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌អើបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល់‌ម៉ាយ​ដែរ។

11. ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជា‌ជន​នៅ​ក្រុង​ដេបៀរ(ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌សេភើរ)។

12. គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គារយ៉ាត់-‌សេភើរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់‌សា​ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

13. ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

14. ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

15. នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​ឲ្យ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​ឲ្យ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម ឲ្យ​នាង។

16. ជន‌ជាតិ​កែន ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នៅ​ស្រុក​នោះ។

17. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោម៉ា។

18. កុល‌សម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាសកា‌ឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

19. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។

20. ពួក​គេ​បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្ដេញ​អំបូរ​អណាក់​ទាំង​បី រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។

21. រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​វិញ គេ​មិន​បាន​បណ្ដេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ដូច្នេះ ជន‌ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។

22. ចំណែក​ឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​វិញ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេត‌អែល​ដែរ ហើយ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។

23. ដំបូង គេ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។

24. ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទីក្រុង អ្នក​ស៊ើប‌ការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។

25. បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ចូល​ទៅ​ទីក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​ឲ្យ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។

26. បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។

27. រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។

28. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

29. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។

30. កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ក៏​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហា‌ឡាល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន តែ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

31. កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​អាក់‌កូ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហែលបា អាផែក និង​រេហូប​ចេញ​ទេ។

32. កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្ដេញ​ជន‌ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។

33. កុល‌សម្ព័ន្ធ​ណែប‌ថាលី​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌ម៉េស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌ម៉េស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

34. ជន‌ជាតិ​អាម៉ូរី​បាន​រុញ​ច្រាន​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។

35. ជន‌ជាតិ​អាម៉ូរី​រស់​នៅ​ក្រុង​ហេរេស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

36. រីឯ​ដែន​ដី​របស់​ជន‌ជាតិ​អាម៉ូរី​នោះ​លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រា‌ប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។