ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​សាឡូ‌ម៉ូន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ស្តេច​ផារ៉ោន

1. ឯ​សាឡូ‌ម៉ូន ទ្រង់​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម​រួច​ជា​ស្រេច

2. នៅ​គ្រា​នោះ បណ្តា‌ជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ

3. រីឯ​សាឡូ‌ម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។

ស្តេច​សាឡូ‌ម៉ូន​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ‌ជា‌ម្ចាស់

4. ស្តេច​សាឡូ‌ម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ

5. ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូ‌ម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ

6. នោះ​សាឡូ‌ម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្តី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ពិត និង​សេចក្តី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្តី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

7. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​តាំង​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ឡើង ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​ព្រះ‌បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ

8. ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

9. ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន។

10. ព្រះ‌អម្ចាស់ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្តី​ដែល​សាឡូ‌ម៉ូន​បាន​សូម​នោះ

11. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្តី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សំរាប់​នឹង​យល់​សេចក្តី​យុត្តិ‌ធម៌​វិញ

12. ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ

13. អញ​ក៏​បាន​ឲ្យ​សេចក្តី​ដែល​ឯង​មិន​បាន​សូម​ផង គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គ្មាន​អ្នក​ណា​មួយ​ដូច​ឯង ដរាប​ដល់​គ្រប់​១​ជីវិត​ឯង​ឡើយ

14. បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ

15. រួច​សាឡូ‌ម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។

ស្ត្រី​ពីរ​នាក់​ដណ្តើម​កូន​គ្នា

16. ក្រោយ​ត​មក មាន​ស្រី​សំផឹង​២​នាក់​បាន​មក​ឈរ​នៅ​ចំពោះ​ស្តេច

17. នាង​១​ទូល​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ខ្ញុំ​ម្ចាស់ និង​ស្ត្រី​នៅ​ផ្ទះ​ជា​មួយ​គ្នា យើង​ខ្ញុំ​ទាំង​២​បាន​សំរាល​កូន​នៅ​ផ្ទះ​នោះ

18. កាល​ខ្ញុំ​ម្ចាស់​សំរាល​កូន​មក​បាន​៣​ថ្ងៃ នោះ​ស្ត្រី​នេះ​ក៏​សំរាល​មក​ដែរ យើង​ខ្ញុំ​ទាំង​២​នៅ​ជា​មួយ​គ្នា ឥត​មាន​អ្នក​ដទៃ​ណា​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ មាន​តែ​យើង​ខ្ញុំ​២​នាក់​ប៉ុណ្ណោះ

19. ជួន​ជា​នៅ​វេលា​យប់​១ កូន​របស់​នាង​នេះ​បាន​ស្លាប់​ទៅ ដោយ​ម្តាយ​បាន​ដេក​សង្កិន​លើ

20. ដល់​ពាក់​កណ្តាល​អធ្រាត្រ កាល​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​កំពុង​តែ​ទទួល​ទាន​ដំណេក​លក់ នោះ​នាង​ក្រោក​ឡើង​យក​កូន​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ម្ចាស់​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ

21. លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែ​ដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ

22. ស្ត្រី​១​ទៀត​នោះ​ក៏​ឆ្លើយ​កាត់​ទៅ​ថា ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​រស់​នៅ នោះ​ជា​កូន​របស់​អញ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង​វិញ តែ​ស្រី​នេះ​ប្រកែក​ថា មិន​មែន​ឡើយ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​រស់​នៅ​នេះ​ជា​កូន​របស់​អញ​វិញ ស្ត្រី​ទាំង​២​បាន​ជជែក​គ្នា​យ៉ាង​នោះ​នៅ​ចំពោះ​ស្តេច។

23. ឯ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នាង​១​ថា កូន​រស់​នេះ ជា​កូន​របស់​អញ ហើយ​កូន​ស្លាប់​ជា​កូន​របស់​ឯង ហើយ​១​ទៀត​ថា មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ស្លាប់​ជា​របស់​ឯង ហើយ​កូន​រស់​ជា​របស់​អញ​វិញ

24. រួច​ស្តេច​ទ្រង់​បង្គាប់​ថា ចូរ​យក​ដាវ​១​មក​ណេះ នោះ​គេ​ក៏​យក​ដាវ​១​មក​នៅ​ចំពោះ​ស្តេច

25. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​កាប់​កូន​ដែល​នៅ​រស់​នោះ​ជា​២​ភាគ​ទៅ ចែក​១​ចំហៀង​ឲ្យ​ដល់​ស្ត្រី​នេះ ហើយ​១​ចំហៀង​ទៀត​ដល់​ស្ត្រី​នោះ

26. ដូច្នេះ ស្ត្រី​ដែល​ជា​ម្តាយ​នៃ​កូន​ដែល​រស់​ក៏​ទូល​ដល់​ស្តេច ដោយ​មាន​ចិត្ត​អាណិត​អាល័យ​ដល់​កូន​ខ្លួន​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ប្រទាន​កូន​រស់​ទៅ​គេ​ចុះ សូម​កុំ​ឲ្យ​តែ​សំឡាប់​ឡើយ តែ​ស្ត្រី​១​នោះ​ថា កូន​នេះ​មិន​ត្រូវ​បាន​ជា​របស់​ឯង​ឬ​របស់​អញ​ឡើយ ត្រូវ​ពុះ​ជា​២​ទៅ

27. ដូច្នេះ ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ដើម​ចុះ កុំ​សំឡាប់​វា​ឡើយ ដ្បិត​នាង​នោះ​ជា​ម្តាយ​ពិត

28. ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ឮ​ពី​បែប​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់​ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សំរាប់​នឹង​សំរេច​សេចក្តី​យុត្តិ‌ធម៌។