ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ដំណាក់​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ស្តេច​ដាវីឌ

អ័ដូ‌នីយ៉ា​ចង់​ឡើង​គ្រង​រាជ្យ

1. គ្រា​នោះ ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌ជន្មាយុ​កន្លង​បង់​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់‌ក្តៅ​ទេ

2. ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទ្រង់​ទូល​ថា សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​១ មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ឲ្យ​នាង​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​នឹង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​កក់‌ក្តៅ

3. ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច

4. នាង​នោះ​មាន​រូប​រាង​ស្រស់​ល្អ​ណាស់ ហើយ​ក៏​ថែ‌ទាំ​បំរើ​ស្តេច តែ​ទ្រង់​មិន​បាន​រួម​រស់​នឹង​នាង​សោះ

5. ខណៈ​នោះ អ័ដូ‌នីយ៉ា ព្រម​ទាំង​មនុស្ស​៥០​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់

6. ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម

7. ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ

8. តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។

ហោរា​ណាថាន់ និង​នាង​បាត‌សេបា​គាំទ្រ​សម្តេច​សាឡូ‌ម៉ូន

9. ទ្រង់​ក៏​សំឡាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ

10. តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូ‌ម៉ូន ជា​អនុជ​ទ្រង់​ទេ។

11. ដូច្នេះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ថា តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា ជា​កូន​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ផង​ទេ​ឬ​អី

12. ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូល‌បង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង និង​ជីវិត​របស់​សាឡូ‌ម៉ូន ជា​បុត្រ​ផង​ដែរ

13. សូម​ចូល​ទៅ​គាល់​ស្តេច​ដាវីឌ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​ថា ត្រូវ​ឲ្យ​សាឡូ‌ម៉ូន ជា​កូន​ឯង សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​អញ​នោះ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​សោយ‌រាជ្យ​វិញ

14. មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។

15. បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់

16. បាត‌សេបា​ក៏​ឱន​ខ្លួន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​មក​មាន​ប្រាថ្នា​អ្វី

17. ព្រះ‌នាង​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង នឹង​ឡើង​សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​អញ​មិន​មែន​ឬ

18. តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ

19. វា​បាន​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ និង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូ‌ម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ

20. ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ

21. បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូ‌ម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។

22. លុះ​កាល​ព្រះ‌នាង​កំពុង​តែ​ក្រាប ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់ ក៏​ចូល​មក​ដល់

23. គេ​ទូល​ស្តេច​ថា បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​គាល់​ហើយ រួច​កាល​លោក​បាន​ចូល​មក​ដល់​ចំពោះ​ស្តេច​ហើយ នោះ​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ទ្រង់​ទូល​ថា

24. បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អ័ដូ‌នីយ៉ា​ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​ទ្រង់ ហើយ​គង់​លើ​បល្ល័ង្ក​រាជ្យ​ឬ​អី

25. ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

26. តែ​ឯ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា និង​សាឡូ‌ម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ

27. តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។

ស្តេច​ដាវីឌ​តែង‌តាំង​សាឡូ‌ម៉ូន​ឲ្យ​ឡើង​គ្រង​រាជ្យ

28. ខណៈ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច

29. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

30. នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្តី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង

31. ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ជានិច្ច​ត​ទៅ។

32. រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ និង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច

33. ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូ‌ម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ

34. ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

35. ក្រោយ​មក ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

36. បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ

37. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូ‌ម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង។

38. ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូ‌ម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន

39. ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូ‌ម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

40. ស្រេច​ហើយ បណ្តា‌ជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្តី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។

ស្តេច​សាឡូ‌ម៉ូន​លើក​លែង​ទោស​អ័ដូ‌នីយ៉ា

41. ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ

42. កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក

43. នោះ​យ៉ូណា‌ថាន​ក៏​ទូល​តប​ទៅ​អ័ដូ‌នីយ៉ា​ថា ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូ‌ម៉ូន ឲ្យ​សោយ‌រាជ្យ​ឡើង​ជា​ពិត​ហើយ

44. ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូ‌ម៉ូន​លើ​លា‌កាត់​របស់​ស្តេច

45. ហើយ​សាដុក​ដ៏​ជា​សង្ឃ និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ

46. ឯ​សាឡូ‌ម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ

47. មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូ‌ម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូ‌ម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ

48. ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​នៃ​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ផង។

49. ឯ​ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា គេ​មាន​សេចក្តី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​គេ​រៀង​ខ្លួន​ទៅ

50. អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូ‌ម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា

51. មាន​គេ​ទៅ​ទូល​សាឡូ‌ម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ

52. នោះ​សាឡូ‌ម៉ូន​មាន​ព្រះ‌បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ

53. ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច​សាឡូ‌ម៉ូន រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ។