ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ហឹប​នៃ​សេចក្តី​សញ្ញា​តម្កល់​ក្នុង​ព្រះ‌ដំណាក់

1. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​កំពូល​ជា​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

2. ដូច្នេះ ពួក​បណ្តា‌ជន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ប្រជុំ​គ្នា​ឯ​ស្តេច​សាឡូ‌ម៉ូន នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ គឺ​ជា​ខែ​ទី​៧

3. ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក ហើយ​ពួក​សង្ឃ​ក៏​លើក​ហឹប​សែង​ទៅ

4. គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ត្រសាល ឡើង​មក​ផង គឺ​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សែង​ឡើង​មក

5. រួច​ស្តេច​សាឡូ‌ម៉ូន និង​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ត្រង់​មុខ​ហឹប កំពុង​តែ​បូជា​ថ្វាយ​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ

6. រួច​ពួក​សង្ឃ​ក៏​សែង​យក​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ចូល​ទៅ តម្កល់​ទុក​នៅ​កន្លែង​ដែល​បំរុង​ទុក​ឲ្យ គឺ​នៅ​ទី​ទទួល​ព្រះ‌បន្ទូល ជា​ទី​បរិសុទ្ធ​បំផុត​ត្រង់​ក្រោម​ស្លាប​នៃ​ចេរូប៊ីន ក្នុង​ព្រះ‌វិហារ

7. ដ្បិត​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ ចេរូប៊ីន​ក៏​គ្រប​នៅ​ពី​លើ​ហឹប និង​ឈើ​ស្នែង​របស់​ហឹប​ផង

8. គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. ឯ​នៅ​ក្នុង​ហឹប នោះ​មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ត្រង់​ភ្នំ​ហោរែប នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្រោយ​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

10. លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

11. ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ហើយ។

12. គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់

13. ដូច្នេះ ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ​ថ្វាយ​ទ្រង់​គង់​ទុក​ជា​ទី​លំនៅ​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។

សេចក្តី​ថ្លែង​ការ​របស់​ស្តេច​សាឡូ‌ម៉ូន

14. រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ប្រទាន​ពរ​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​គេ​កំពុង​តែ​ឈរ​នៅ

15. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​នៃ​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​ព្រះ‌បន្ទូល​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​ថា

16. ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ស្អាង​វិហារ​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ​ឡើយ តែ​អញ​បាន​រើស​ដាវីឌ​តាំង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ

17. រីឯ​បំណង​ព្រះ‌ទ័យ​នៃ​ដាវីឌ​ជា​បិតា​យើង នោះ​ទ្រង់​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ហើយ

18. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សំរាប់​ឈ្មោះ​អញ នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ

19. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​មក កូន​នោះ​នឹង​ស្អាង​សំរាប់​ឈ្មោះ​អញ​វិញ

20. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

21. ក៏​បាន​តាំង​កន្លែង​នៅ​ទី​នេះ ទុក​សំរាប់​ហឹប ដែល​មាន​សេចក្តី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង ពី​កាល​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

ពាក្យ​អធិ‌ស្ឋាន​របស់​ស្តេច​សាឡូ‌ម៉ូន

22. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា

23. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត

24. ទ្រង់​បាន​កាន់​តាម​សេចក្តី​សន្យា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូល‌បង្គំ គឺ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

25. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្តី​នេះ​ទៀត ជា​សេចក្តី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ

26. ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ

27. យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត

28. ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក និង​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ

29. ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ

30. ហើយ​កាល​ណា​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ នឹង​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្តី​ទូល​អង្វរ របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ លុះ​កាល​ណា​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

31. បើ‌សិន​ជា​អ្នក​ណា​ធ្វើ​បាប ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​នៃ​ទ្រង់ ក្នុង​ព្រះ‌វិហារ​នេះ

32. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សំរេច​ការ‌ងារ​ដោយ​ជំនុំ‌ជំរះ​ពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សំរេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្តី​សុចរិត​របស់​ខ្លួន​គេ​ទៅ។

33. បើ​កាល​ណា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ត្រូវ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​ត្រឡប់​មក​ឯ​ទ្រង់​វិញ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​អធិ‌ស្ឋាន​ទូល​អង្វរ​ដល់​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ

34. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​គេ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង រួច​សូម​នាំ​គេ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​គេ​វិញ។

35. បើ​កាល​ណា​មេឃ​រាំង​ភ្លៀង ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​អធិ‌ស្ឋាន​មក​ឯ​ទី​នេះ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​លះ‌បង់​ចោល​អំពើ​បាប​របស់​គេ​ចេញ ដោយ​ព្រោះ​ទ្រង់​បាន​ផ្ចាញ់‌ផ្ចាល​គេ

36. នោះ​សូម​ទ្រង់​ប្រោស​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​បាវ​បំរើ​ទ្រង់ គឺ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ដោយ​បង្រៀន​ឲ្យ​ដឹង​ផ្លូវ​ល្អ​ណា​ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់ ទុក​ជា​មរដក​ផង។

37. បើ​កាល​ណា​កើត​មាន​អំណត់​នៅ​ក្នុង​ស្រុក ឬ​បើ​មាន​អន្តរាយ ស្កក​ស្រូវ ក្រាចាប់ កណ្តូប ឬ​ដង្កូវ​ស៊ី បើ​ពួក​ខ្មាំង​សត្រូវ​លុក‌លុយ​ក្នុង​ស្រុក​ឡោម‌ព័ទ្ធ​ទី​ក្រុង ឬ​កើត​មាន​សេចក្តី​វេទនា​ណា ឬ​ជំងឺ​ណា​ក៏​ដោយ

38. នោះ​ទោះ​បើ​មនុស្ស​ណា​មួយ ឬ​បណ្តា​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែល​ស្គាល់​សេចក្តី​វេទនា​នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

39. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​អត់​ទោស ព្រម​ទាំង​សំរេច​ការ ដោយ​សង​ដល់​គ្រប់​គ្នា តាម​ផ្លូវ​គេ​ប្រព្រឹត្ត តាម​តែ​ទ្រង់​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ទ្រង់​តែ​១ ដែល​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់)

40. ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់​នៅ​គ្រប់​១​ជីវិត ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​ទាំង‌ឡាយ។

41. មួយ​ទៀត ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​ចាក​ចេញ​ពី​ស្រុក​ឆ្ងាយ​មក ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

42. (ដ្បិត​គេ​នឹង​ឮ​និយាយ ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ទ្រង់ និង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សំរេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​ដំរង់​ចំពោះ​ព្រះ‌វិហារ​នេះ

43. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​សំរេច​សព្វ​គ្រប់ តាម​សេចក្តី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់។

44. បើ​កាល​ណា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ ហើយ​គេ​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

45. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌​ឲ្យ​គេ​ផង។

46. បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្តី​ក្រោធ​នឹង​គេ ព្រម​ទាំង​ប្រគល់​គេ ដល់​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​របស់​សត្រូវ​នោះ ទោះ​នៅ​ឆ្ងាយ​ឬ​ជិត​ក្តី

47. នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​ចិត្ត​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​ដែល​ដឹក‌នាំ​គេ ទៅ​ជា​ឈ្លើយ​នោះ​ដោយ​ពាក្យ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ក៏​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់​ផង

48. បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ ដែល​បាន​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អយ្យកោ​គេ គឺ​ជា​ទី​ក្រុង ដែល​ទ្រង់​បាន​រើស​តាំង និង​ព្រះ‌វិហារ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ព្រះ‌នាម​ទ្រង់

49. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន​ហើយ​ទូល​អង្វរ​នោះ ព្រម​ទាំង​សំរេច​សេចក្តី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង

50. សូម​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​ដូច្នេះ ហើយ​អស់​ទាំង​ការ​រំលង​ច្បាប់ ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ដែរ សូម​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ បាន​អាណិត​មេត្តា​ដល់​គេ​វិញ

51. (ដ្បិត​គេ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ និង​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ពី​កណ្តាល​គុក​រំលាយ​ដែក​នោះ)

52. ដើម្បី​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក សំរាប់​ទត​ក្នុង​វេលា​ណា ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ទូល​អង្វរ ហើយ​នឹង​ស្តាប់​តាម​សេចក្តី ដែល​គេ​ទូល​សូម​ដល់​ទ្រង់

53. ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​ញែក​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​នៅ​ផែនដី ទុក​សំរាប់​ជា​មរកដ​របស់​ទ្រង់​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ទ្រង់ ពី​កាល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​យើង​ខ្ញុំ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

54. កាល​សាឡូ‌ម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ក្រោក ពី​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​ដំរង់​ទៅ​ឯ​មេឃ​នោះ​ឡើង

55. ទ្រង់​ក៏​ឈរ​ឡើង ប្រទាន​ពរ ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដោយ​ព្រះ‌សៀង​ដ៏​ខ្លាំង​ថា

56. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ទ្រង់​បាន​ប្រទាន​សេចក្តី​សំរាក ដល់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​សន្យា​ឥត​មាន​ខ្វះ​ព្រះ‌បន្ទូល​ណា​មួយ ក្នុង​គ្រប់​សេចក្តី​ល្អ ដែល​ទ្រង់​បាន​សន្យា ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​នោះ​ឡើយ

57. សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​គង់​ជា​មួយ​នឹង​យើង ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ពួក​អយ្យកោ​យើង​ដែរ សូម​កុំ​ឲ្យ​ទ្រង់​លះ‌បង់ ឬ​ទុក​យើង​រាល់​គ្នា​ចោល​ឡើយ

58. ដើម្បី​ឲ្យ​ទ្រង់​បាន​បង្វែរ​ចិត្ត​យើង​ទៅ​ឯ​ទ្រង់ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្តី​បង្គាប់ និង​ក្រឹត្យ‌ក្រម ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អយ្យកោ​យើង​រាល់​គ្នា

59. សូម​ឲ្យ​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទ្រង់​បាន​សំរេច​តាម​សេចក្តី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​បាវ​បំរើ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ

60. ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ

61. ដូច្នេះ សូម​ឲ្យ​ចិត្ត​ឯង​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​កាន់​តាម​ក្រឹត្យ​ទ្រង់​ទាំង​ប៉ុន្មាន​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។

ស្តេច​សាឡូ‌ម៉ូន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់

62. រួច​មក ស្តេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

63. ឯ​យញ្ញ‌បូជា ដែល​សាឡូ‌ម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

64. នៅ​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​បាន​ញែក​ទីលាន​កណ្តាល ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​នឹង​ដុត​អស់​ទាំង​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​ដង្វាយ​មេត្រី​ផង​បាន​ទេ

65. នៅ​វេលា​នោះ សាឡូ‌ម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា អស់​៧​ថ្ងៃ រួច​រាប់​៧​ថ្ងៃ​ទៀត រួម​ទាំង​អស់​ជា​១៤​ថ្ងៃ

66. ដល់​ថ្ងៃ​ទី​៨ នោះ​ទ្រង់​ឲ្យ​ពួក​រាស្ត្រ​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ពរ​ដល់​ស្តេច រួច​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​មាន​ចិត្ត​សប្បាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្តី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ដល់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ដែរ។