ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

និមិត្ត‌ហេតុ​អំពី​ជើង​ចង្កៀង​មាស និង​អូលីវ​ពីរ​ដើម

1. ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក

2. រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

3. ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង

4. នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី

5. ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ

6. នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ

7. ឱ​ភ្នំ​ធំ​អើយ តើ​ឯង​ជា​អ្វី ឯង​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​នាំ​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សំរែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ

8. រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

9. ដៃ​នៃ​សូរ៉ូ‌បា‌បិល​បាន​ដាំ​ឫស​ព្រះ‌វិហារ​នេះ ហើយ​ដៃ​លោក​នឹង​ធ្វើ​បង្ហើយ​ផង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​អញ​មក​ឯ​ឯង

10. ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។

11. នោះ​ខ្ញុំ​ក៏​សួរ​ទេវតា​ថា ដើម​អូលីវ​ទាំង​២ ដែល​នៅ​ខាង​ស្តាំ ហើយ​ខាង​ឆ្វេង​នៃ​ជើង​ចង្កៀង នោះ​តើ​ជា​អ្វី

12. ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី

13. រួច​ទេវតា​ក៏​សួរ​តប​មក​ថា តើ​ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ នោះ​ខ្ញុំ​ឆ្លើយ​ថា លោក​ម្ចាស់​អើយ​មិន​ស្គាល់​ទេ

14. ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។