ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​រំដោះ​ក្រុង​យេរូ‌សាឡិម

1. នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​អ៊ីស្រា‌អែល។ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​នៃ​ផែនដី ព្រម​ទាំង​បង្ក‌បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា

2. មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន‌ជាតិ​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

3. នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ថ្ម ដែល​សង្កត់​លើ​អស់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​យក​ជា​បន្ទុក​លើ​ខ្លួន នោះ​នឹង​ត្រូវ​របួស​ជា​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ

4. ព្រះ‌យេហូវ៉ា​ទង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក

5. ឯ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា ពួក​ក្រុង​យេរូ‌សាឡិម​ជា​កំឡាំង​របស់​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​គេ

6. នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា បាន​ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្តាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្តាល​កណ្តាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំវិញ ទោះ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ​ឯង

7. ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ និង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​ដំកើង​ឡើង​លើស​ជាង​ពួក​យូដា​ឡើយ

8. នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។

ពួក​គេ​កាន់​ទុក្ខ​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់​ទំលុះ

9. នៅ​ថ្ងៃ​នោះ អញ​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​អស់​ទាំង​សាសន៍ ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម។

10. អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន

11. នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ

12. ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​ដោយ​ខ្លួនៗ គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

13. គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

14. ឯ​អស់​គ្រួសារ​ឯ​ទៀត នោះ​គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន និង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។