ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​វិនាស​របស់​មហា​អំណាច

1. ឱ​ល្បាណូន​អើយ ចូរ​បើក​ទ្វារ​ឯង​ឡើង ដើម្បី​ឲ្យ​ភ្លើង​បាន​ឆេះ​ដើម​តាត្រៅ​របស់​ឯង

2. ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តាត្រៅ​បាន​រលំ ឯ​អស់​ទាំង​ដើម​យ៉ាង​ល្អ​បាន​ត្រូវ​បំផ្លាញ​ហើយ ឱ​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​បាន​ត្រូវ​រលំ​ហើយ

3. មាន​ឮ​សំឡេង​ពួក​គង្វាល​ទ្រហោ​យំ សេចក្ដី​រុងរឿង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ក៏​ឮ​សំឡេង​ស្រែក​គ្រហឹម​នៃ​សិង្ហ​ស្ទាវ ដ្បិត​សេចក្ដី​អំនួត​របស់​ទន្លេ​យ័រដាន់​បាន​ត្រូវ​ខូច​បង់​ទៅ។

គង្វាល​ពីរ​នាក់

4. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់

5. ជា​ហ្វូង​ដែល​ពួក​អ្នក​ទិញ​ក៏​សំឡាប់​ទៅ ឥត​រាប់​ខ្លួន​ជា​មាន​ទោស​ឡើយ ហើយ​ពួក​អ្នក​ដែល​លក់​វា​ក៏​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ពរ ដ្បិត​ខ្ញុំ​បាន​មាន​ឡើង ហើយ​ទាំង​ពួក​គង្វាល​ក៏​មិន​ប្រណី​ដល់​វា​ដែរ

6. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​ប្រណី​ដល់​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ មើល អញ​នឹង​ប្រគល់​គ្រប់​ទាំង​ប្រុសៗ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ខ្លួន ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​ទាំង​នោះ​នឹង​វាយ​ស្រុក ហើយ​អញ​មិន​ព្រម​ប្រោស​ឲ្យ​រួច​ដែរ

7. ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់ ដែល​ពិត​ជា​ចៀម​វេទនា​បំផុត​ក្នុង​ហ្វូង ខ្ញុំ​ក៏​យក​ដំបង​២​មក ដំបង​មួយ​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «លំអ» មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា «សម្ពន្ធ» ហើយ​ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ទៅ

8. ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

9. នោះ​ខ្ញុំ​ក៏​និយាយ​ថា អញ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ នោះ​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ

10. ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លំអ» មក​កាច់​បំបាក់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន‌ជាតិ​ទាំង‌ឡាយ

11. សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ​ឯង យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

12. នោះ​ខ្ញុំ​និយាយ​នឹង​គេ​ថា បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ នោះ​សូម​ឲ្យ​ឈ្នួល​មក​អញ ពុំ​នោះ កុំ​រវល់​អី ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​៣០​ដួង​សំរាប់​ជា​ឈ្នួល​របស់​ខ្ញុំ

13. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន​ចុះ គឺ​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​៣០​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

14. រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ចេញ។

15. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​យក​គ្រឿង​ប្រដាប់​របស់​អ្នក​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត

16. ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ

17. វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។