ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 16 Khmer Standard Version (KHSV)

ប្រស្នា​អំពី​អ្នក​បម្រើ​ប៉ិន​បោក​បញ្ឆោត

1. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «មាន​សេដ្ឋី​មួយ​រូប​បាន​ប្រគល់​មុខ‌ងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​លោក។ មាន​គេ​មក​ជម្រាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។

2. សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។

3. អ្នក​បម្រើ​នោះ​រិះគិត​ក្នុង​ចិត្ត​ថា “ចៅហ្វាយ​លែង​ឲ្យ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​លោក​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។

4. អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។

5. គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។

6. កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ​រយ​ប៉ោត”។ អ្នក​បម្រើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នក​ហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហា‌សិប​ប៉ោត”។

7. បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។

8. ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។

សម្បត្តិ​លោកីយ៍ និង​សម្បត្តិ​សួគ៌

9. «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

10. អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។

11. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍ ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។

12. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន!

13. គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។

ក្រឹត្យ‌វិន័យ និង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់

14. កាល​ពួក​ខាង​គណៈ‌ផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។

15. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

16. គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ* អំពី​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។

17. ផ្ទៃ​មេឃ​ផែន‌ដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យ‌វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។

18. បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

បុរស​អ្នក​មាន និង​ឡាសារ​ជា​អ្នក​ក្រ

19. «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។

20. មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។

21. អ្នក​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។

22. ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

23. នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​អ្នក​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។

24. គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។

25. លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។

26. ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។

27. អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង

28. ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។

29. លោក​អប្រាហាំ​ឆ្លើយ​ថា “បង‌ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។

30. អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត”។

31. ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។