ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20 Khmer Standard Version (KHSV)

អំណាច​របស់​ព្រះ‌យេស៊ូ

1. ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* មាន​ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ

2. ទូល​សួរ​ព្រះ‌អង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យ​យើង​ដឹង​ផង លោក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក?»។

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ សូម​ប្រាប់​ខ្ញុំ​មើល៍

4. តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។

5. គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?”។

6. បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​ឲ្យ​មក” ប្រជា‌ជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី*​មែន»។

7. ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ មិន​ដឹង​ជា​អ្នក​ណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឡើយ»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

ប្រស្នា​អំពី​អ្នក​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ

9. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ប្រជា‌ជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។

10. លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​បម្រើ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។

11. ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។

12. គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយ‌ដំ​អ្នក​បម្រើ​នេះ​ឲ្យ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចម្ការ។

13. ម្ចាស់​ចម្ការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំ‌ខាន”។

14. ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។

15. គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?

16. គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

17. ព្រះ‌យេស៊ូ​ទត​សម្លឹង​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត” តើ​ពាក្យ​នេះ​មាន​ន័យ​ដូច​ម្ដេច?

18. អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន។ បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។

អំពី​ពន្ធ​ដារ

19. ពេល​នោះ ពួក​អាចារ្យ* និង​ពួក​នាយក​បូជា‌ចារ្យ* រក​មធ្យោ‌បាយ​ចាប់​ព្រះ‌យេស៊ូ ដ្បិត​គេ​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជា‌ជន។

20. ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះ‌យេស៊ូ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះ‌អង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫក‌ពា​ត្រឹម​ត្រូវ ចាំ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​អាជ្ញា‌ធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។

21. គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។

22. សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។

23. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​ពួក​គេ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

24. «ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​មើល៍ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។

25. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។

26. អ្នក​ទាំង​នេះ​ពុំ​អាច​ចាប់​កំហុស​ព្រះ‌អង្គ នៅ​ពេល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នៅ​មុខ​ប្រជា‌ជន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​ឆ្លើយ​តប​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់ ហើយ​គេ​ក៏​នៅ​ស្ងៀម។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

27. មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី*​ខ្លះ​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

28. «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

29. ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀប‌ការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។

30. ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។

31. បន្ទាប់​មក បង‌ប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​បាន​រៀប‌ការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ​តែ​គ្មាន​កូន​ទេ។

32. នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។

33. លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង‌ប្អូន​ទាំង​ប្រាំ‌ពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ

35. ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។

36. អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា*។ គេ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។

37. លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។

38. ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។

39. ពួក​អាចារ្យ*​ខ្លះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ល្អ​ណាស់»។

40. បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះ‌អង្គ​អំពី​រឿង​អ្វី​ទៀត​ឡើយ។

ព្រះ‌គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​លើ​ស្ដេច​ដាវីឌ

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រិស្ដ*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ?

42. ដ្បិត​ក្នុង​គម្ពីរ​ទំនុក‌តម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង

43. ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ”។

44. បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ដ​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ដ​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុត‌ត្បុត​របស់​ពួក​អាចារ្យ

45. នៅ​ពេល​ប្រជា‌ជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះ‌អង្គ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖

46. «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។

47. អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។