ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 5 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​បី​រូប

1. ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

2. ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។

3. ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ទ្រង់​សុំ​ឲ្យ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។

4. លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។

5. លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។

6. គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។

7. គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។

8. ពេល​លោក​ស៊ីម៉ូន-‌ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប»។

9. លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។

10. រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។

11. ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

12. ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះ‌អង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។

13. ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។

14. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។

15. ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ ល្បី​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះ‌អង្គ ព្រម​ទាំង​សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។

16. រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន*។

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

17. ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​អ្នក​ប្រាជ្ញ​ខាង​វិន័យ​អង្គុយ​ស្ដាប់​ព្រះ‌អង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ទ្រង់​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។

18. ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។

19. ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។

20. ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។

21. ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។

22. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ?

23. បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?

24. ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះ‌អង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។

25. រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។

26. អស់​អ្នក​ដែល​នៅ​ទី​នោះ​ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​លោក​លេវី

27. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។

28. លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

29. លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។

30. ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។

31. ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។

32. ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត»។

អំពី​ការ​តម​អាហារ

33. មាន​គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ី* តែងតែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! គេ​មិន​អាច​តម​បាន​ឡើយ។

35. ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។

36. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌បំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។

37. ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន

38. ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។

39. កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។