គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:26-36 Khmer Standard Version (KHSV)

26. គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។

27. លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

28. អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ដ​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​ព្រះ‌អង្គ។

29. នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀប‌ការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ត​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ត​ត្រេក‌អរ​ក្រៃ‌លែង ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។

30. ព្រះ‌អង្គ​ត្រូវ​តែ​ចម្រើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់‌ថយ។

31. ព្រះ‌អង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ ព្រះ‌អង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។

32. ព្រះ‌អង្គ​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ គ្មាន​នរណា​ទទួល​សក្ខីភាព​របស់​ព្រះ‌អង្គ​ទេ។

33. អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះ‌អង្គ​បាន​បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​សម្តែង​សេចក្ដី​ពិត​មែន។

34. ព្រះ‌អង្គ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​យាង​មក ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ព្រះ‌អង្គ​យ៉ាង​បរិបូណ៌។

35. ព្រះ‌បិតា​ស្រឡាញ់​ព្រះ‌បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បុត្រា។

36. អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់»។

សូមអានជំពូកពេញលេញ យ៉ូហាន 3