ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​សន្ទនា​ជា​មួយ​លោក​នីកូ‌ដេម

1. មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​នីកូ‌ដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី*។

2. លោក​បាន​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ​យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​គ្រូ​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សម្គាល់​ដូច​លោក​គ្រូ​បាន​ឡើយ វៀរ‌លែង​តែ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មីទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​បាន​ឡើយ»។

4. លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។

5. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​បាន​ឡើយ។

6. អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន។

7. ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។

8. ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។

9. លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?

11. ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។

12. ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែន‌ដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

13. ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។

14. កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ

15. ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

16. ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

17. ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។

18. អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។

19. ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។

20. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

21. ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ​ស្រប​តាម​ព្រះ‌ជាម្ចាស់​មែន»។

សក្ខីភាព​របស់​លោក​យ៉ូហាន‌បាទីស្ដ

22. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះ‌អង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ ព្រម​ទាំង​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​ផង។

23. រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​ឲ្យ។

24. កាល​ណោះ​លោក​យ៉ូហាន​មិន​ទាន់​ជាប់​ឃុំ‌ឃាំង​នៅ​ឡើយ​ទេ។

25. ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន‌ជាតិ​យូដា​ម្នាក់ ជជែក​គ្នា​អំពី​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*។

26. គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។

27. លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

28. អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ដ​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​ព្រះ‌អង្គ។

29. នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀប‌ការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ត​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ត​ត្រេក‌អរ​ក្រៃ‌លែង ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។

30. ព្រះ‌អង្គ​ត្រូវ​តែ​ចម្រើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់‌ថយ។

31. ព្រះ‌អង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ ព្រះ‌អង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។

32. ព្រះ‌អង្គ​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ គ្មាន​នរណា​ទទួល​សក្ខីភាព​របស់​ព្រះ‌អង្គ​ទេ។

33. អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះ‌អង្គ​បាន​បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​សម្តែង​សេចក្ដី​ពិត​មែន។

34. ព្រះ‌អង្គ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​យាង​មក ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ព្រះ‌អង្គ​យ៉ាង​បរិបូណ៌។

35. ព្រះ‌បិតា​ស្រឡាញ់​ព្រះ‌បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បុត្រា។

36. អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់»។