ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 7 Khmer Standard Version (KHSV)

ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ទំនៀម‌ទម្លាប់

1. មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​អាចារ្យ*​ខ្លះ នាំ​គ្នា​មក​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជួប​ព្រះ‌យេស៊ូ។

2. គេ​ឃើញ​សិស្ស*​របស់​ព្រះ‌អង្គ​ខ្លះ​បរិ‌ភោគ​អាហារ ដោយ​ដៃ​មិន​បរិសុទ្ធ* គឺ​គេ​ពុំ​បាន​លាង​ដៃ​ជា​មុន។

3. ធម្មតា ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិ‌ភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

4. នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សម្អាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិ‌ភោគ​ឡើយ។ គេ​កាន់​ទំនៀម‌ទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។

5. ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​អាចារ្យ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម‌ទម្លាប់​ចាស់​បុរាណ គឺ​នាំ​គ្នា​បរិ‌ភោគ​ដោយ​ដៃ​មិន​បរិសុទ្ធ​ដូច្នេះ?»។

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថា: ប្រជា‌រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។

7. គេ​ថ្វាយ‌បង្គំ​យើង តែ​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ ។

8. អ្នក​រាល់​គ្នា​បោះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​មនុស្ស​វិញ»។

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។

10. លោក​ម៉ូសេ*​បាន​ថ្លែង​ថា: “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច‌ផ្ដាសា​មាតា​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត”

11. រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា: “ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​បាន​រាប់​ថា​គ័រ‌បាន់ ស្រេច​ទៅ​ហើយ” (ពាក្យ​នេះ​ប្រែ​ថា​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់)។

12. អ្នក​រាល់​គ្នា​ពុំ​ទុក​ឲ្យ​គាត់​ជួយ​ឪពុក​ម្ដាយ​ឡើយ។

13. អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ

14. បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន​មក​ម្ដង​ទៀត រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​យល់​ឲ្យ​ច្បាស់​ថា

15. អ្វីៗ​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មិន​បរិសុទ្ធ [

16. អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ ចូរ​យក​ទៅ​ពិចារណា​ចុះ]»។

17. កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​អំពី​ប្រស្នា​នេះ។

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ក៏​គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ? អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ

19. ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ ព្រះ‌អង្គ​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

21. ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់

22. ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ត​អបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និង​គំនិត‌លេលា។

23. ការ‌អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*»។

ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះ‌យេស៊ូ

24. ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ ព្រះ‌អង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ទ្រង់​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។

25. ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។

26. ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។

27. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

28. នាង​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កម្ទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។

29. ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ»។

30. ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​គ​ថ្លង់​ម្នាក់​ឲ្យ‌ជា

31. ព្រះ‌យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។

32. គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះ‌អង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់។

33. ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ទ្រង់​ដាក់​ព្រះ‌អង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

34. រួច​ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ‌បន្ទូល​ថា «អិប‌ផា‌ថា» (ប្រែ​ថា: ចូរ​បើក​ឡើង)។

35. រំពេច​នោះ ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​បាន​ច្បាស់​លាស់។

36. ព្រះ‌យេស៊ូ​បាន​ហាម‌ប្រាម​ពួក​គេ មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះ‌អង្គ​ហាម‌ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។

37. មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។