ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 16 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

1. លុះ​ផុត​ថ្ងៃ​សប្ប័ទ*​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌យេស៊ូ។

2. ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យនាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។

3. ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»។

4. ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។

5. នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។

6. អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំង‌កាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះ‌អង្គ។

7. ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះ‌អង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។

8. ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។[

ព្រះ‌យេស៊ូ​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​សិស្ស​ឃើញ

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។

10. នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។

11. ពេល​គេ​ឮ​ថា ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​នាង​ឡើយ។

12. បន្ទាប់​មក ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់‌ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។

13. អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។

14. នៅ​ទី​បំផុត ព្រះ‌យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​រូប​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិ‌ភោគ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ*​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។

16. អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។

17. អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សម្គាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អារក្ស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។

18. ប្រសិន​បើ​គេ​កាន់​ពស់ ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល ក៏​គេ​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប្រសិន​បើ​គេ​ដាក់​ដៃ​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា​សះ‌ស្បើយ»។

19. កាល​ព្រះ‌អម្ចាស់​យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

20. ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង‌ល្អ​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​សម្តែង​ទី​សម្គាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]