ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 2 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

1. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ។

2. មាន​មនុស្ស​យ៉ាង​ច្រើន​មក​មូល​ផ្ដុំ​គ្នា​កក‌កុញ គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​គ្មាន​សល់​ដែរ។ ព្រះ‌យេស៊ូ​ថ្លែង​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្ដាប់។

3. មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។

4. ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ‌យេស៊ូ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះ‌អង្គ​គង់ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។

5. កាល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ! ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ»។

6. ពួក​អាចារ្យ​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ រិះគិត​ក្នុង​ចិត្ត​ថា៖

7. «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះ‌អង្គ​បែប​នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ តើ​នរណា​អាច​អត់‌ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប​បាន!»។

8. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ?

9. បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?

10. ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​នេះ រួច​ពី​បាប​បាន»។ ព្រះ‌អង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា៖

11. «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។

12. មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ​ស្នែង​របស់​ខ្លួន ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​ការ‌អស្ចារ្យ​ណា​មួយ​ដូច​ពេល​នេះ​ឡើយ!»។

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​លោក​លេវី

13. ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ម្ដង​ទៀត។ បណ្ដា‌ជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បង្រៀន​ពួក​គេ។

14. កាល​ព្រះ‌អង្គ​យាង​កាត់​តាម​នោះ ទ្រង់​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះ‌អង្គ​ទៅ។

15. បន្ទាប់​មក ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស*។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះ‌អង្គ។

16. ពួក​អាចារ្យ​ពី​គណៈ​ផារី‌ស៊ី*​ឃើញ​ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។

17. ព្រះ‌យេស៊ូ​បាន​ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។

អំពី​ការ​តម​អាហារ

18. ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។

20. ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។

21. ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។

22. ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។

ព្រះ‌យេស៊ូ​មាន​អំណាច​លើ​ថ្ងៃ​សប្ប័ទ

23. មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះ‌អង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។

24. ពួក​ខាង​គណៈ​ផារី‌ស៊ី*​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។

25. ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិ‌ភោគ។

26. នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិ‌ភោគ​ទៀត​ផង។ តាម​ច្បាប់* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិ‌ភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។

27. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះ‌អង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។

28. ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។