8. ដ្បិតបើមានសេចក្តីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ
9. ពីព្រោះអ្នកណាដែលគ្មានសេចក្តីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង
10. ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ
11. ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។
12. ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្តីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្តីពិត ដែលមានហើយក៏ដោយ
13. ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប
14. ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ
15. មួយទៀតខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្តីទាំងនេះក្រោយដែលខ្ញុំទៅបាត់ដែរ។
16. ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ
17. ដ្បិតទ្រង់បានល្បីព្រះនាម និងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានព្រះបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់»
18. យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់