ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សេចក្តី​ផ្តើម

1. សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្តី​ជំនឿ​ដ៏​វិសេស ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្តី​សុចរិត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា

2. សូម​ឲ្យ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ និង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ព្រះ​ត្រាស់‌ហៅ​គ្រីស្ទ‌បរិស័ទ

3. ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត និង​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ និង​សគុណ​របស់​ទ្រង់

4. ដែល​ដោយ‌សារ​សេចក្តី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្តី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្តី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ៍​នេះ​ដែល​កើត​អំពី​សេចក្តី​ប៉ង‌ប្រាថ្នា

5. ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ

6. ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ

7. ឲ្យ​សេចក្តី​គោរព​ប្រតិ‌បត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្តី​រាប់​អាន​គ្នា​បាន​សេចក្តី​ស្រឡាញ់​ថែម​ទៀត

8. ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ

9. ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង

10. ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ

11. ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

12. ដូច្នេះ ខ្ញុំ​ប្រុង​ប្រៀប​នឹង​រំឭក ដល់​អ្នក​រាល់​គ្នា អំពី​សេចក្តី​ទាំង​នេះ​ជានិច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ស្គាល់ ហើយ​បាន​តាំង​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្តី​ពិត ដែល​មាន​ហើយ​ក៏​ដោយ

13. ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប

14. ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ

15. មួយ​ទៀត​ខ្ញុំ​នឹង​ខំ​ប្រឹង​រំឭក​រាល់​ពេល​វេលា ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ចាំ​ពី​សេចក្តី​ទាំង​នេះ​ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​ដែរ។

បន្ទាល់​អំពី​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូវ

16. ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ‌ចេស្តា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធា‌នុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ

17. ដ្បិត​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​សិរី‌ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​ព្រះ‌បន្ទូល​មក​ទ្រង់​ថា «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់»

18. យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធជា​មួយ​នឹង​ទ្រង់

19. ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា

20. ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ

21. ដ្បិត​សេចក្តី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ។