គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:20-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ

21. ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប‌ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។

22. ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើប‌ស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ

23. កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ

24. ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ‌អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់​ផង

25. ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង‌ទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ

26. ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2