ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទាហាន​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ

1. ដូច្នេះ កូន​អើយ ចូរ​មាន​កំឡាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

2. ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះ‌ត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ

3. ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ចុះ

4. ធម្មតា​ដែល​ធ្វើ​ទាហាន នោះ​មិន​ដែល​ជាប់​ទាក់‌ទិន​នឹង​ការ​ក្នុង​ជីវិត​នេះ​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នក ដែល​កេណ្ឌ​ខ្លួន​ទៅ​នោះ​វិញ

5. ហើយ​បើ​អ្នក​ណា​ប្រយុទ្ធ​គ្នា​ក្នុង​ព្រ័ត្រ នោះ​មិន​បាន​ពាក់​ភួង​ជ័យ​ទេ លើក​តែ​ប្រយុទ្ធ​តាម​ច្បាប់​វិញ

6. ឯ​អ្នក​ធ្វើ​ស្រែ ក៏​ត្រូវ​នឿយ​ហត់​ជា​មុន​ដែរ ទើប​នឹង​ទទួល​ផល​បាន

7. ចូរ​ពិចារណា​សេចក្តី​ដែល​ខ្ញុំ​ប្រាប់​ទាំង​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់។

8. ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់

9. ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះ‌បន្ទូល​មិន​បាន​ជាប់​ចំណង​ទេ

10. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទ្រាំ​ទ្រ​នឹង​គ្រប់​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង ឲ្យ​គេ​បាន​សេចក្តី​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រម​ទាំង​មាន​សិរី‌ល្អ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ផង

11. ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​ទ្រង់ នោះ​យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

12. បើ​យើង​ទ្រាំ​ទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ

13. បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។

អ្នក​បំរើ​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់

14. ចូរ​រំឭក​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​ហាម‌ប្រាម​គេ​ដោយ​ដាច់​ខាត នៅ​ចំពោះ​ព្រះ‌អម្ចាស់​ថា កុំ​ឲ្យ​ជជែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​នាំ​ពួក​អ្នក​ដែល​ស្តាប់ ឲ្យ​វង្វេង​ផង​នោះ​ឡើយ

15. ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ

16. តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នឹង​នាំ​ឲ្យ​ចំរើន​សេចក្តី​ទមិល​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ

17. ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស និង​ភីលេត

18. ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្តី​ពិត ទាំង​និយាយ​ថា សេចក្តី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្តី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ

19. ប៉ុន្តែ ឯ​ឫស​មាំ‌មួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះ‌អម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់

20. នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ

21. ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប‌ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។

22. ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើប‌ស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ

23. កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ

24. ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ‌អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់​ផង

25. ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង‌ទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ

26. ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ។