គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:13-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។

14. ចូរ​រំឭក​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​ហាម‌ប្រាម​គេ​ដោយ​ដាច់​ខាត នៅ​ចំពោះ​ព្រះ‌អម្ចាស់​ថា កុំ​ឲ្យ​ជជែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​នាំ​ពួក​អ្នក​ដែល​ស្តាប់ ឲ្យ​វង្វេង​ផង​នោះ​ឡើយ

15. ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ

16. តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នឹង​នាំ​ឲ្យ​ចំរើន​សេចក្តី​ទមិល​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ

17. ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស និង​ភីលេត

18. ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្តី​ពិត ទាំង​និយាយ​ថា សេចក្តី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្តី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ

19. ប៉ុន្តែ ឯ​ឫស​មាំ‌មួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះ‌អម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់

20. នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ

21. ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប‌ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។

22. ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើប‌ស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ

23. កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ

24. ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ‌អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់​ផង

25. ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង‌ទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ

26. ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2