គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ចូរ​ឲ្យ​ចុះ​ចូល នឹង​គ្រប់​ទាំង​ច្បាប់ នៃ​មនុស្ស​លោក ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្តាច់

14. ឬ​នឹង​ចៅ‌ហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់‌ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ

15. ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​បំបាត់​ពាក្យ​សំដី​ចំកួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ ដោយ‌សារ​កិរិយា​ល្អ

16. គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិត‌បំបាំង​សេចក្ដី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ

17. ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។

18. ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅ‌ហ្វាយ ដោយ​កោត‌ខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅ‌ហ្វាយ​ណា​ដែល​ស្លូត‌បូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅ‌ហ្វាយ​ដែល​កាច​ក៏​ដែរ

19. ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ

20. បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ​មែន

21. ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់

22. ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​អ្វី​នៅ​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ

23. កាល​គេ​បាន​ជេរ‌ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក‌កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត​វិញ

24. ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប

25. ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​ឯ​អ្នក​គង្វាល ជា​អ្នក​ថែ‌ទាំ​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។

សូមអានជំពូកពេញលេញ ១ ពេត្រុស 2