ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

រាស្ត្រ​បរិសុទ្ធ

1. ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​លះ‌បង់​ចោល​អស់​ទាំង​សេចក្ដី​គំរក់ និង​កិច្ច‌កល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពុត​មាយា ចិត្ត​ច្រណែន ហើយ​ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ

2. នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ

3. គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន

4. ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើស‌រើស ហើយ​រាប់​ជា​វិសេស​វិញ

5. នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ

6. ពី​ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល​អ្នក​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើស‌រើស ហើយ​វិសេស‌វិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»

7. ដូច្នេះ ដែល​ទ្រង់​វិសេស នោះ​គឺ​វិសេស​ដល់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​ដល់​ពួក​អ្នក​មិន​ជឿ​វិញ នោះ«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក»

8. «ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» គេ​ជំពប់​នឹង​ព្រះ‌បន្ទូល​ដោយ​ព្រោះ​តែ​មិន​ជឿ ហើយ​គេ​ក៏​ត្រូវ​ដំរូវ​ទុក​សំរាប់​ការ​នោះ​ឯង

9. តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់

10. ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​សាសន៍​ណា​មួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ ពី​ដើម​មិន​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​ហើយ។

របៀប​រស់​នៅ​នៃ​អ្នក​បំរើ​របស់​ព្រះ

11. ឱ​ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅខាង​សាច់​ឈាម ដែល​ត‌យុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ

12. ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ។

13. ចូរ​ឲ្យ​ចុះ​ចូល នឹង​គ្រប់​ទាំង​ច្បាប់ នៃ​មនុស្ស​លោក ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្តាច់

14. ឬ​នឹង​ចៅ‌ហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់‌ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ

15. ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​បំបាត់​ពាក្យ​សំដី​ចំកួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ ដោយ‌សារ​កិរិយា​ល្អ

16. គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិត‌បំបាំង​សេចក្ដី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ

17. ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។

គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ

18. ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅ‌ហ្វាយ ដោយ​កោត‌ខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅ‌ហ្វាយ​ណា​ដែល​ស្លូត‌បូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅ‌ហ្វាយ​ដែល​កាច​ក៏​ដែរ

19. ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ

20. បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ​មែន

21. ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់

22. ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​អ្វី​នៅ​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ

23. កាល​គេ​បាន​ជេរ‌ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក‌កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត​វិញ

24. ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប

25. ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​ឯ​អ្នក​គង្វាល ជា​អ្នក​ថែ‌ទាំ​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។