គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 22:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ពី​ព្រោះ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ​រាជ្យ នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ទៅ។

6. ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មក

7. មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ។

8. គឺ​យ៉ូហាន​ខ្ញុំ ដែល​បាន​ឃើញ ហើយ​ឮ​សេចក្ដី​ទាំង​នេះ លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ‌បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្ដី​ទាំង​នេះ

9. តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក និង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ​ចុះ។

10. រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទសេចក្ដី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ

11. អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ នៅ​តែ​ស្មោក‌គ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល

12. មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ

13. អញ​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង

14. មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ

15. ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។

16. អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង

17. ព្រះ‌វិញ្ញាណ និង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។

សូមអានជំពូកពេញលេញ វិវរណៈ 22