ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម

2. ឯ​នៅ​កណ្តាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្តងៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា

3. គ្រា​នោះ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត​ឡើយ ហើយ​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ ឯ​ពួក​បាវ​របស់​ទ្រង់ គេ​នឹង​បំរើ​ទ្រង់

4. គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ

5. ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ពី​ព្រោះ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ​រាជ្យ នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ទៅ។

សេចក្ដី​ដាស់‌តឿន​ផ្សេងៗ

6. ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មក

7. មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ។

8. គឺ​យ៉ូហាន​ខ្ញុំ ដែល​បាន​ឃើញ ហើយ​ឮ​សេចក្ដី​ទាំង​នេះ លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ‌បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្ដី​ទាំង​នេះ

9. តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក និង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ​ចុះ។

10. រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទសេចក្ដី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ

11. អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ នៅ​តែ​ស្មោក‌គ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល

12. មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ

13. អញ​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង

14. មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ

15. ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។

16. អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង

17. ព្រះ‌វិញ្ញាណ និង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។

18. ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្ដី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្ដី​ទាំង​នេះ នោះ​ព្រះ​ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្ដី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង

19. ហើយ​បើ​អ្នក​ណា​ដក​អ្វី ពី​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នៃ​សេចក្ដី​ទំនាយ​នេះ​ចេញ នោះ​ព្រះ​ទ្រង់​នឹង​ដក​ចំណែក ដែល​អ្នក​នោះ​មាន​ដល់​ដើម​ជីវិត និង​ទី​ក្រុង​បរិសុទ្ធ ហើយ​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ចេញ​ដែរ។

20. ព្រះ‌អង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។

21. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚