គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 14:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ

2. រួច​ខ្ញុំ​ឮ​សំឡេង​មក​ពី​លើ​មេឃ ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង រីឯ​សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​ដន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង

3. គេ​ច្រៀង​បទ​១​ថ្មី នៅ​មុខ​បល្ល័ង្ក ហើយ​មុខ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់‌ទុំ​ដែរ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​ទ្រង់​លោះ​ពី​ផែនដី​ចេញ​ប៉ុណ្ណោះ

4. នោះ​ជា​ពួក​ព្រហ្មចារី ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រីឡើយ គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម

5. មិន​ឃើញ​មាន​សេចក្ដី​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។

6. ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ

7. ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។

8. មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិតខ្លួន។

9. រួច​មាន​ទេវតា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ

10. អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង និង​ស្ពាន់‌ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម​ផង

សូមអានជំពូកពេញលេញ វិវរណៈ 14