ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កូន​ចៀម និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ

1. ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ

2. រួច​ខ្ញុំ​ឮ​សំឡេង​មក​ពី​លើ​មេឃ ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង រីឯ​សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​ដន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង

3. គេ​ច្រៀង​បទ​១​ថ្មី នៅ​មុខ​បល្ល័ង្ក ហើយ​មុខ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់‌ទុំ​ដែរ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​ទ្រង់​លោះ​ពី​ផែនដី​ចេញ​ប៉ុណ្ណោះ

4. នោះ​ជា​ពួក​ព្រហ្មចារី ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រីឡើយ គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម

5. មិន​ឃើញ​មាន​សេចក្ដី​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។

ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស

6. ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ

7. ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។

8. មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិតខ្លួន។

9. រួច​មាន​ទេវតា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ

10. អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង និង​ស្ពាន់‌ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម​ផង

11. ឯ​ផ្សែង​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ និង​ហុយ​ឡើង​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ គេ​នឹង​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ឬ​អ្នក​ណា​ដែល​ទទួល​ទី​សំគាល់​នៃ​ឈ្មោះ​វា​ផង

12. នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ។

13. ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ ក៏​តាម​គេ​ជាប់។

ការ​ច្រូត​កាត់ និង​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ

14. នោះ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ពពក​ស​១ ហើយ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស គង់​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស ហើយ​កាន់​កណ្តៀវ​ដ៏​មុត

15. រួច​មាន​ទេវតា​១​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​ពពក​ថា សូម​លូក​កណ្តៀវ​ទ្រង់​ទៅ​ច្រូត​ចុះ ដ្បិត​ជា​វេលា​ត្រូវ​ច្រូតហើយ ពី​ព្រោះ​នៅ​ផែនដី​បាន​ទុំ​ជា​ស្រេច

16. នោះ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។

17. រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​ចែយ៉ាង​មុត​ដែរ

18. ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ

19. ទេវតា​នោះ​ក៏​លូក​ចែ​ទៅ​ឯ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទាំង​អស់ រួច​បោះ​ទៅ​ក្នុង​ធុង​ជាន់​ផ្លែ​យ៉ាង​ធំ​របស់​ផង​សេចក្ដី​ក្រោធ​នៃ​ព្រះ

20. នោះ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ទៅ​ត្រឹម​ដែក​បង្ខាំង​សេះ ចំងាយ​៣០០​គីឡូ‌ម៉ែត្រ​ទៅ។