គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 7:36-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. មាន​ពួក​ផារី‌ស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់

37. ហើយ​មើល​នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារី‌ស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក

38. នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង

39. កាល​ពួក​ផារី‌ស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប

40. ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ថា ស៊ីម៉ូន​អើយ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្តិច គាត់​ក៏​ឆ្លើយ​ថា សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ

41. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល

42. ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង

43. ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ស្មាន​ត្រូវ​ហើយ

44. រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង

45. អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់

46. អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ

47. ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្ដី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច

48. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ

49. ឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ ក៏​ចាប់​តាំង​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​នេះ​ជា​អ្វី​ដែល​អត់​ទោស​បាប​បាន​ផង​ដូច្នេះ

50. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។

សូមអានជំពូកពេញលេញ លូកា 7