គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 7:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ

17. ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា និង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។

18. ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ

19. រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត

20. កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត

21. នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​អារក្ស‌អសោច​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ

22. រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ

23. មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

24. កាល​សិស្ស​ដែល​យ៉ូហាន​ចាត់​ឲ្យ​មក បាន​ចេញ​ទៅ​ហើយ នោះ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​នឹង​បណ្តា​មនុស្ស​ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ និង​ខ្យល់​ឬ​អី

25. តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ស្លៀក‌ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ល្អ​ប្រសើរ ហើយ​រស់​នៅ​ដោយ​រុងរឿង នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ

26. ចុះ​អ្នក​រាល់​គ្នា បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង

27. ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»

28. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ

29. ឯ​បណ្តា‌ជន និង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់

30. តែ​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌ដំរិះ ដែល​ដំរូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ

31. នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី

32. គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង​តែ​ឯង​មិន​បាន​យំ​សោះ

សូមអានជំពូកពេញលេញ លូកា 7