គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 24:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ​ថា

7. កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ

8. នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​ទ្រង់

9. លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ

10. រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង

11. ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ​នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ

12. តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។

13. រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចំងាយ​១១​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ

14. គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ

15. កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះ‌គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ

16. តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ

17. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ

18. ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ

19. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​បណ្តា‌ជន​ទាំង‌ឡាយ​ផង

20. ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង

សូមអានជំពូកពេញលេញ លូកា 24