គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 24:22-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម

23. តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ

24. មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ

25. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ

26. តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី

27. រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​ដំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង‌ឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក

28. នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស

29. តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ

30. កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ

31. នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម

32. នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ​អី

33. នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឃើញ​ពួក​សាវក​១១​នាក់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា កំពុង​តែ​និយាយ​ថា

34. ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​មក​ឲ្យ​ស៊ីម៉ូន​ឃើញ

35. នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។

36. កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ

37. តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ

38. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ

39. ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ

សូមអានជំពូកពេញលេញ លូកា 24