គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 18:22-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ

23. កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។

24. ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់

25. ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត

26. ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ

27. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់

28. នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ

30. ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច​ថែម​ទៀត​ផង។

31. ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​ព្រះ‌បន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​គ្រប់​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សំរេច​ពិត

32. ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះដៀល ហើយ​ស្តោះ​ដាក់​លោក

33. រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ

34. តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។

35. កាល​ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

36. គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី

37. គេ​ប្រាប់​គាត់​ថា គឺ​ព្រះ‌យេស៊ូវ ពី​ស្រុក​ណាសា‌រ៉ែត ទ្រង់​យាង​មក

38. រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង

សូមអានជំពូកពេញលេញ លូកា 18