គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 18:11-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អ្នក​ផារី‌ស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ

12. ទូល‌បង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូល‌បង្គំ​បាន​ចំណេញ​ផង

13. ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង

14. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

15. មាន​គេ​នាំ​កូន​តូចៗ មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ

16. ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ‌បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ

17. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។

18. មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច

19. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ

20. អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ»

21. តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ

22. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ

23. កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។

24. ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់

25. ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត

26. ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ

សូមអានជំពូកពេញលេញ លូកា 18