24. ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។
25. នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច
27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត
29. តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ
30. ព្រះយេស៊ូវមានព្រះបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ
31. ជួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ
32. ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត
33. តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់
34. ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់
35. ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើជួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក