គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 10:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ

2. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់

3. ទៅ​ចុះ មើល​ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន

4. កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង

5. ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត

6. បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ

7. ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ

8. ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ

9. ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

10. តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា

11. នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ

12. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ

សូមអានជំពូកពេញលេញ លូកា 10