គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 8:17-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។

18. កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់ ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ

19. ខណៈ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ

20. ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ

21. មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត្ត​ឲ្យ​ទូល‌បង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន

22. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។

23. កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ

24. ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់

25. ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ

27. អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

28. កាល​ទ្រង់​បាន​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ

29. នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ​នឹង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី

សូមអានជំពូកពេញលេញ ម៉ាថាយ 8