គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:20-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅ‌ហ្វាយ​ថា លោក​ចៅ‌ហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល​ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត

21. ចៅ‌ហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ‌ហ្វាយ​ឯង​ចុះ

22. កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅ‌ហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល​ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត

23. ចៅ‌ហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ‌ហ្វាយ​ឯង​ចុះ

24. ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅ‌ហ្វាយ​ថា លោក​ចៅ‌ហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

25. ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ

26. ចៅ‌ហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

27. នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង

28. ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ

29. ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី ដែល​អ្នក​នោះ​មាន​ផង

30. ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

31. តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី‌ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក

32. រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ

33. រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង

សូមអានជំពូកពេញលេញ ម៉ាថាយ 25