គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី

2. ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់

3. នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ

4. ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង

5. តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ

6. លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ

7. ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀប‌ចំ​ចង្កៀង​រៀង​រាល់​ខ្លួន

8. ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ

9. តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ

10. តែ​កំពុង​តែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ

11. ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង

12. តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ

13. ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។

14. ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ

15. បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ

16. នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត

17. ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត

សូមអានជំពូកពេញលេញ ម៉ាថាយ 25