គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22:24-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន»

25. រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន

26. ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត

27. ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ

28. ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា

29. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ​សោះ

30. ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថាន‌សួគ៌​វិញ

31. តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី​ដែល​ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី

32. គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ព្រះ‌អង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។

33. ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​ទ្រង់​បង្រៀន​នោះ។

34. តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា

35. ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា

36. លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត

37. នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»

38. នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១

39. ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»

40. បណ្តា​ក្រឹត្យ‌វិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។

41. កំពុង​ដែល​ពួក​ផារី‌ស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា

42. អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះ‌វង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

សូមអានជំពូកពេញលេញ ម៉ាថាយ 22