គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហ‌មង្គល​ឲ្យ​ព្រះ‌រាជ‌បុត្រា

3. ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គល‌ការ​នោះ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ

4. ទ្រង់​ក៏​ចាត់​ពួក​មហា‌តលិក​ឯ​ទៀត​ឲ្យ​ទៅ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់‌លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សំឡាប់​គោ និង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀប‌ចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ

5. តែ​អ្នក​ទាំង​នោះ​ធ្វេស​ប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចំការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ

6. អ្នក​ឯ​ទៀត​ក៏​ចាប់​ពួក​មហា‌តលិក​ត្មះ‌តិះដៀល ហើយ​សំឡាប់​ចោល​ទៅ

7. កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា ការ​បាន​រៀប‌ចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ

9. ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​វិញ

10. មហា‌តលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប

11. ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មនុស្ស​ម្នាក់​ទៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ

12. ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ

13. ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

14. ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

15. កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល

16. រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់ ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ

សូមអានជំពូកពេញលេញ ម៉ាថាយ 22