គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:17-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់

18. តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក

19. ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ

20. សេចក្ដី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។

21. ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន

22. នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់

23. តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ

24. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែលតែ​ប៉ុណ្ណោះ​ទេ

25. ប៉ុន្តែ ស្ត្រី​នោះ​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ

27. តែ​ស្ត្រី​នោះ​ទូល​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ

28. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។

29. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលី‌ឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ

30. នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កក‌កុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ និង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា

31. ដល់‌ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំ‌មួន មនុស្ស​ខ្វិន​ដើរ​រួច និង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា។

32. ព្រះ‌យេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នោះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់‌ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ

33. ពួក​សិស្ស​ទូល​ទ្រង់​ថា នៅ​ទី​ស្ងាត់​នេះ យើង​ខ្ញុំ​នឹង​រក​នំបុ័ង​ឲ្យ​ហ្វូង​មនុស្ស​ធំ​ដល់‌ម៉្លេះ​បរិភោគ​ឆ្អែត​ឯ​ណា​បាន

34. តែ​ព្រះ‌យេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​នឹង​ត្រី​តូចៗ​ខ្លះ

សូមអានជំពូកពេញលេញ ម៉ាថាយ 15