គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារី‌ស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះ‌វរ‌បិតា​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល

14. តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ

15. រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង

16. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី

17. តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់

18. តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក

19. ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ

20. សេចក្ដី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។

21. ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន

22. នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់

23. តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ

សូមអានជំពូកពេញលេញ ម៉ាថាយ 15