គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ដែល​នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា

2. ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀម‌ទំលាប់ ដែល​ពួក​ចាស់‌ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ

3. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម‌ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ

4. ដ្បិត​ព្រះ​ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

5. តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិ‌បត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ

6. ដូច្នេះ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា

7. ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា

8. «បណ្តា‌ជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

9. គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

10. រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​មក មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់ ហើយ​យល់​ចុះ

11. មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។

12. នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារី‌ស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះ‌វរ‌បិតា​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល

សូមអានជំពូកពេញលេញ ម៉ាថាយ 15