គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:28-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​ទេ។

30. កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ

31. ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ

32. តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។

33. លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ

34. តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង

35. ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ

36. ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា

37. អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។

38. យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

39. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឃាត់​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ

40. ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ

41. អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

42. តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង

43. បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

44. ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ

45. បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

សូមអានជំពូកពេញលេញ ម៉ាកុស 9