18. នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចដេញចេញបានទេ
19. ទ្រង់មានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំ
20. គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់
21. ទ្រង់មានព្រះបន្ទូលសួរឪពុកថា វាបានឈឺដូច្នេះជាយូរប៉ុន្មានមកហើយ គាត់ទូលឆ្លើយថា តាំងតែពីតូចមក
22. ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែ បើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង
23. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ
24. ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង
25. កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចថា នែ អារក្សគថ្លង់អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ
26. វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ
27. ប៉ុន្តែ ព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ។