គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:22-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ទ្រង់​ក៏​យាង​មក​ដល់​ក្រុង​បេតសៃដា រួច​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់

23. ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ

24. គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ

25. នោះ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល​ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់

26. ទ្រង់​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ទាំង​ហាម​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ឬ​ប្រាប់​អ្នក​ណា​នៅ​ក្នុង​ភូមិ​ឡើយ។

27. ព្រះ‌យេស៊ូវ និង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា

28. ពួក​សិស្ស​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ

29. ទ្រង់​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ឆ្លើយ​ឡើង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ

30. ទ្រង់​ក៏​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​ដំណើរ​ទ្រង់​សោះ

31. រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ហើយ​ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ បោះ​បង់​ចោល ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ

32. ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​នោះ​យ៉ាង​ច្បាស់‌លាស់ នោះ​ពេត្រុស​នាំ​ទ្រង់​ទៅ ចាប់​តាំង​និយាយ​ជំទាស់​ដល់​ទ្រង់

33. តែ​ទ្រង់​បែរ​មក​ទត​ឃើញ​ពួក​សិស្ស ក៏​បន្ទោស​ពេត្រុស​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ​សោះ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ។

34. កាល​ទ្រង់​បាន​ហៅ​ហ្វូង​មនុស្ស និង​ពួក​សិស្ស​មក នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ

35. ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ

36. ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ

37. ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

38. ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌វរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ។

សូមអានជំពូកពេញលេញ ម៉ាកុស 8