គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 7:25-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោច​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

26. (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ

27. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ

28. នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ

29. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ

30. រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។

31. លំដាប់​ពី​នោះ​មក ទ្រង់​ចេញ​ពី​ព្រំ‌ដែន​ស្រុក​ទីរ៉ុស និង​ស៊ីដូន ក៏​យាង​កាត់​ស្រុក​ដេកា‌ប៉ូល មក​ដល់​សមុទ្រ​កាលី‌ឡេ​វិញ

32. នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់

33. ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់

34. កាល​ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ​ហើយ នោះ​ទ្រង់​ថ្ងូរ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា «អិប‌ផាថា» គឺ​ថា ឲ្យ​បើក​ឡើង

35. ស្រាប់​តែ​ត្រចៀក​ក៏​បើក សរសៃ​អណ្តាត​បាន​ធូរ នោះ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់

36. ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត​តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត

37. គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់‌ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

សូមអានជំពូកពេញលេញ ម៉ាកុស 7